ក្រុមអ្នកនិពន្ធ

ក្រុមអ្នកនិពន្ធ

វេបសាយ www.health.com.kh និង​មជ្ឈមណ្ឌល​ធនធាន​វេជ្ជសាស្ត្រ​មាន​ដំណើរការ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​សិក្សា​នៅ​បរទេស​មួយ​ក្រុម​ដែល​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​មាន​សុខភាព​ល្អ​និង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​មាន​ការរីកចម្រើន​ជាង​នេះ​។ ក្រុម​អ្នកនិពន្ធ​នេះ​មាន​:

វេជ្ជបណ្ឌិត ងួន សេរ័ត្ន

វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន ជា​អ្នកគ្រប់គ្រង​និង​និពន្ឋ​នាយក​របស់​គេ​ហ​ទំព័​រនេះ​។​លោក​បាន​ទទួល​សញ្ញាប័ត្រ​វេជ្ជបណ្ឌិត​នៅ​ឆ្នាំ​១៩៩៨​និង​ក្រោយ​មក​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​សារព័ត៌មាន​នៅ​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ​២០០​9។

ដោយ​មាន​បទពិសោធន៍​ចំនួន​១០​ឆ្នាំ​ជា​អ្នកនិពន្ធ​របស់​សារព័ត៌មាន​រស្មី​កម្ពុជា និង​ក្នុងនាម​លោក​ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែល​បានទទួល​ការបណ្តុះបណ្តាល​ពីមហាវិទ្យាល័យវវិទ្យាសាស្ត្រសុខាភិបាល លោក​ងួន សេ​រ័ត្ន​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​គេហទំព័រ​នេះ​ឡើង ដើម្បី​ជា​ការចូលរួមចំណែក​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​។

ដោយហេតុ​នោះ​ហើយ​ទើបបាន​ជា​ទស្សនវិជ្ជារ​បស់​វេបសាយ​នេះ​គឺ​ “​សុខភាព​សម្រាប់​ទាំងអស់គ្នា” ដែល​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​គាត់​នៅ​ក្នុង​ការនាំយក​រឿងរ៉ាវ​ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព​ដែល​ត្រឹមត្រូវ មាន​អត្ថប្រយោជន៍ និង​អាច​ឲ្យ​ជឿ​ទុកចិត្តបាន និង​បច្ចុប្បន្នភាព​វេជ្ជសាស្ត្រ​មក​ជូន​វេជ្ជបណ្ឌិត និស្សិត​ពេទ្យ អ្នក​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ក៏ដូចជា​សាធារណជន​ទូទៅ ដោយ​មិន​មាន​ចំណាយ​ប្រាក់​។ ការជឿជាក់​នៅលើ​ទស្សន​: ដែលថា​ “​កាលណា​ប្រជាជន​ទទួល​ព័ត៌មាន​កាន់តែ​ប្រសើរ​ពួកគេ​នឹង​កាន់តែ​មាន​សុខភាព​ល្អ” ​បាន​ជម្រុញ​លើកទឹកចិត្ត​គាត់​ឲ្យ​បង្កើត​គេហទំព័រ​នេះ​ឡើង ដែល​អាច​នឹង​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​និង​អ្នក​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​មាន​លទ្ធភាព​ទទួលបាន​នូវ​ព័ត៌មាន​ស្តីពី​សុខភាព ជំងឺ និង​បច្ចុប្បន្នភាព​វេជ្ជសាស្ត្រ​។ ហើយ​អ្វី​ដែល​កាន់តែ​សំខាន់​ទៅ​ទៀត​នោះ គឺ​លោក​ផ្តួចផ្តើម​វេបសាយ​ www.health.com.kh សម្រាប់​ផ្តល់ជូន​នូវ​ការពិគ្រោះ​សុខភាព​ដោយ​មិន​មាន​ចំណាយ​ប្រាក់ ផងដែរ​។

​វេជ្ជបណ្ឌិត ស៊ិក ធីរ:

វេជ្ជបណ្ឌិត ស៊ិក ធីរ:​ ជា​អ្នកនិពន្ធ​ទទួលបន្ទុក​ជំងឺវះកាត់ (surgical diseases)​។ លោក​វេជ្ជបណ្ឌិត ស៊ិក ធីរ​:​បាន​ទទួល​សញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅក្នុង​ឆ្នាំ​១៩៩៨​។ បន្ទាប់​ពី​បាន​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ព្រះកុសុម​:​បាន​ចំនួន​ជាង​៣​ឆ្នាំ​លោក​ត្រូវបាន​បញ្ជូន​ឲ្យទៅ​ធ្វើការ​សិក្សា​បន្ត​នៅ ​ប្រទេស​ កូរ៉េខាង ត្បូង ​ចំនួន​២​ឆ្នាំ អំពី​ការវះកាត់​សន្លាក់​ និង​ឆ្អឹង​នៅ​មន្ទីរពេទ្យ​របស់​សាកលវិទ្យាល័យ​ស៊ុន​ជុន​យ៉ាង ​(Soon Chun Yang)។ ដោយហេតុ​នេះ​គាត់​មាន​ជំនាញ​ពិសេស​នៅ​ក្នុង​ការព្យាបាល​ និង​វះកាត់​ឆ្អឹង​និង​ជំងឺសន្លាក់ (bone and joint diseases) ការផ្លាស់​សន្លាក់ (joint replacement) និង​ការព្យាបាល​ការឈឺ​ខ្នង (back pain management)​។​ល​។

វិភាគទាន​របស់​លោក​វេជ្ជបណ្ឌិត ធីរ​:​ចំពោះ​គេហទំព័រ​នេះ​រួមមាន​អត្ថបទ​ទាក់ទង​ទៅនឹង​មុខ​ជំនាញ​របស់​គាត់  ជាមួយនឹង​ការពិគ្រោះ​វេជ្ជសាស្ត្រ​តាម​អាំងទែ​រណិត​អំពី​ការគ្រប់គ្រង​ការ​ឈឺ​ខ្នង ជំងឺសន្លាក់​និង​ឆ្អឹង ក៏​ដូច​ជា​ជំងឺឯទៀតៗ ផងដែរ​។ សព្វថ្ងៃនេះ លោក​គឺជា​គ្រូពេទ្យ​វះកាត់​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ពហុ​គ្លីនិក​នាំមុខ​គេ​ចំនួន​៥ និង​ជា​គ្រូ​ឧទ្ទេស​នាម​មុខវិជ្ជា​វះកាត់​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​(International University) ផងដែរ​។ អ្នក​ដែល​ចង់​ពិគ្រោះ​ជំងឺជាមួយនឹង​លោក​ធីរ​:​អាច​សរសេរ​សំណួរ​ដាក់​នៅក្នុង​គេហទំព័រ www.health.com.kh បាន​ដោយ​មិនបាច់់​បង់ប្រាក់​ឡើយ​។

​វេជ្ជបណ្ឌិត លីម វណ្ណ​និត

វេជ្ជបណ្ឌិត លីម វណ្ណ​និត ជា​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺកុមារ (pediatrician-neonatologist) ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។ លោក​មាន​ជំនាញ​នៅ​ក្នុង​ការព្យាបាល​ជំងឺកុមារ​។ ដូច្នេះ​លោក​ទទួលខុសត្រូវ​ផ្នែក​ជំងឺកុមារ​សម្រាប់​វេប​សាយនេះ​។​ លោក​បាន​ទទួល​សញ្ញាប័ត្រ​ផ្នែក​ជំងឺកុមារ​ពី​សាកលវិទ្យាល័យ​ណង់ ​(Nantes University)​ ប្រទេស​បារាំង​។ សព្វថ្ងៃនេះ​ លោក​កំពុង​បម្រើការ​នៅក្នុង​ផ្នែក ​Neonatal Intensive Care Unit​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។ ដើម្បី​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ដ៏​ទូលំ​ទូលាយ​ដល់​យុវជន​ជំនាន់​ក្រោយ លោក​បាន​ស្ម័គ្រចិត្ត ​ជួយ​បង្រៀន​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។

លោក​វេជ្ជបណ្ឌិត​លីម វណ្ណ​និត ចង់​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​លើក​កំពស់​សុខភាព​កុមារ​កម្ពុជា​។ លោក​ជា​សមាជិក​ម្នាក់​របស់​ស​មាគ​ម​គ្រូពេទ្យ​ជំងឺកុមារ​កម្ពុជា (Cambodian Pediatric Association)​។ មាតាបិតា​និង​អ្នក​ដែល​មាន​ការចាប់អារម្មណ៍​លើ​បញ្ហា​សុខភាព​កុមារ​អាច​ចោទ​សំណួរ​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​នៅ​ក្នុង​វេបសាយ www.health.com.kh បាន​។

វេជ្ជបណ្ឌិត ម៉ែន បញ្ញា​រតន៍

​វេជ្ជបណ្ឌិត ម៉ែន បញ្ញា​រតន៍ បាន​ទទួល​សញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខភាព​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​មាន​បទពិសោធន៍​ជាច្រើន​នៅ​ក្នុង​ការព្យាបាល​វេជ្ជសាស្ត្រ ជា​ពិសេស​អំពី​មេរោគ​និង​ជម្ងឺអេដស៍ ការព្យាបាល​ការឈឺចាប់ (pain management) និង​ការព្យាបាល​សម្រន់ (palliative care)​។

បន្ទាប់​ពី​បាន​បម្រើ​ការងារ​ចំនួន​ជាង​១០​ឆ្នាំ​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​លោក​បញ្ញា​រតន៍​បាន​ស្ម័គ្រចិត្ត​ចូលរួម​នៅក្នុង​ក្រុម​អ្នកនិពន្ធ​របស់​គេហទំព័​រ www.health.com.kh ដើម្បី​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​សុខភាព​និង​វេជ្ជសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​ចំពោះ​ប្រជាជន​កម្ពុជា​។ អ្នក​ផ្ទុកមេរោគ​អេដស៍​និង​អ្នក​ជម្ងឺអេដស៍ អ្នក​ដែល​មាន​ការឈឺចាប់​រ៉ាំរ៉ៃ និង​សាធារណជន​អាចទាក់ទង​គាត់​តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ៨៧០ ៧៥៦ ឬ​អ៊ី​ម៉ែ​ល​របស់គាត់ mpagnaroat@yahoo.com / mpagnaroat@gmail.com​។ លោក​ក៏​ផ្តល់​ជូន​ផង​ដែរ​នូវ​ការពិគ្រោះ​ជម្ងឺ​តាម​អាំងទែ​រណិត តាមរយ​:​គេហទំព័រ​របស់​យើង​។

​វេជ្ជបណ្ឌិត ង៉ូវ បូរ៉ា

វេជ្ជបណ្ឌិត ង៉ូវ បូរ៉ា បច្ចុប្បន្ន​ជា​អនុប្រធាន​អង្គភាព​ថែទាំ​អ្នក​ជម្ងឺអេដស៍ (AIDS Care Unit) នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ឋនឹងជំងឺអេដស៍ សើរ​ស្បែក និង​កាមរោគ (National Center for HIV/AIDS, Dermatology and STDs) របស់​ក្រសួង​សុខាភិបាល​។ លោក​បាន​ទទួល​បរិញ្ញាប័ត្រ​អនុបណ្ឌិត​ពី​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​តំបន់​ត្រូពិក (Institute of Tropical Medicine) នៅ​ប្រទេស​បែលហ្ស៊ិក​។

លោក​មាន​បទពិសោធន៍​ជា​ច្រើន​អំពី​ការព្យាបាល ថែទាំ និង​ព្យាបាល​មេរោគ​អេដស៍​និង​ជម្ងឺអេដស៍​។ លោក​ក៏​បាន​ចូលរួម​នៅ​ក្នុង​ការបណ្តុះបណ្តាល​អ្នកប្រ​កប​វិជ្ជាជី​វៈវេជ្ជសាស្ត្រ​ផងដែ​រ អំពី​ការបង្ការ ការថែទាំ និង​ការព្យាបាល​មេរោគ​អេដស៍​និង​ជម្ងឺអេដស៍​។ គេ​អាច ទាក់ទង​លោក​បាន​ដើម្បី​សាកសួរ​សំណួរ​ទាក់ទង​ទៅ​នឹង​ការបង្ការ ការថែទាំ និង​ការព្យាបាល មេរោគ​អេដស៍​និង​ជម្ងឺអេដស៍​តាមរយ​:​នេះ​។

​វេជ្ជបណ្ឌិត ហោ សុខ​ឃី

​វេជ្ជបណ្ឌិត ហោ សុខ​ឃី ជា​និស្សិត​ខ្មែរ​ទីមួយ​ដែល​បាន​ទៅ​សិក្សា​វេជ្ជសាស្ត្រ​នៅ​ប្រទេស​វៀតណាម​។ គាត់​បាន​ទទួល​សញ្ញាប័ត្រ PhD នៅ​ទីនោះ​។ ក្នុងនាម​ជា​អ្នកជំនាញ​ខាង​ផ្នែក​ក្រពះ​ពោះវៀន (gastro-enterologist) លោក​ពូកែ​ខាង​ការព្យាបាល​រោគ​ដំបៅ​ក្រពះ (gastric ulcer) ជម្ងឺ​ថ្លើម (hepatitis) និង​ជម្ងឺ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា​ក្រពះ ថ្លើម និង​លំពែង ជាដើម​។​ លោក​ស្មគ្រចិត្ត​ចូលរួម​នៅក្នុង​គម្រោង​វេ​ប​សាយ​នេះ​ដោយ​លោក​ចង់​រួមវិភាគទាន​នៅ​ក្នុង​ការចែករំលែក​ចំណេះដឹង​របស់​លោក​នៅក្នុង​ការលើកកម្ពស់​សុខភាព​នៅ​កម្ពុជា​។​លោក​រីករាយ​នឹង​ផ្តល់​ប្រឹក្សា​សុខភាព​តាមរយ​:​ការឆ្លើយ​សំនួរ​ចោទសួរ​តាមរយ​:​វេប​សាយនេះ​។​

វេជ្ជបណ្ឌិត សៀវ យូសៀង

​វេជ្ជបណ្ឌិត Siow Yew Siong គឺជា​គ្រូពេទ្យ​ជំនាញ​ផ្នែក​វះកាត់​ឆ្អឹងខ្នង​នៅ​មន្ទីរពេទ្យ Sime Darby Medical Centre Subang Jaya​។ វេជ្ជបណ្ឌិត Siow បាន​ទទួល​សញ្ញាប័ត្រ​វេជ្ជសាស្ត្រ​ផ្នែក​វះកាត់​កែ​តំរូវ​សន្លាក់ឆ្អឹង​ឬ​របួស​សន្លាក់ឆ្អឹង​ពី​មហាវិទ្យាល័យ​ម៉ា​លា​យ៉ា (University of Malaya)​។ គាត់​ធ្លាប់​បាន​ធ្វើការ​នៅ​ផ្នែក​វះកាត់​កែ​តំរូវ​សន្លាក់ឆ្អឹង​ឬ​របួស​សន្លាក់ឆ្អឹង​នៅ​មហាវិទ្យាល័យ​ហុងកុង (University of Hong Kong) ក្នុងនាម​ជា Honorary Clinical Associate​។ វេជ្ជបណ្ឌិត Siow គឺជា​ប្រធាន​នៃ AO Spine Board Malaysia ដំបូង​គេ ហើយ​អត្ថបទ​របស់​គាត់​មួយចំនួន​ត្រូវបាន​ចេញ​ផ្សាយ​ជា​អន្តរជាតិ​។ បន្ថែម​ពីលើ​នេះ​ទៀត វេជ្ជបណ្ឌិត Siow ក៏​បាន​បង្ហាញ​ការ​ស្រាវ​ជាច្រើន​ក្នុង​ការប្រជុំ​អន្តរជាតិ​មួយចំនួន​។ គាត់​និង​ក្រុមការងារ​របស់​គាត់​ធ្លាប់​បាន​វះកាត់​ករណី​ឆ្អឹងខ្នង (minimally invasive spinal surgery) ច្រើនជាង ២០០​ករណី​។ គាត់​គឺជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក SOLAS ទៅមួយ នៅ​អាស៊ី​។​
​លោក​រីករាយ​នឹង​ឆ្លើយ​រាល់​សំនួរ​ទាក់ទង​នឹង​ជំនាញ​របស់​លោក​ផ្នែក​ឆ្អឹង​និង​សន្លាក់​។​

វេជ្ជបណ្ឌិត តាន ស៊ូន សេង

គ្រូពេទ្យ​ឯកទេស​/​គ្រូពេទ្យ​ជំនាញ​ផ្នែក​ក្រពះ​និង​ពោះវៀន​

Sime Darby Medical Centre Subang Jaya

​វេជ្ជបណ្ឌិត Tan Soon Seng គឺជា​គ្រូពេទ្យ​ជំនាញ​/​គ្រូពេទ្យ​ជំនាញ​ផ្នែក​ក្រពះ​និង​ពោះវៀន​ដែល​ផ្តោត​លើ​វិបត្តិ​ក្រពះ​-​ពោះវៀន (gastroenterological ) និង​វិបត្តិ​ថ្លើម (hepatological)​។ វេជ្ជបណ្ឌិត Tan បាន​ទទួល​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​មន្ទីរពេទ្យ​របស់​មហាវិទ្យាល័យ​រ៉ូយ៉ាល់​លីវើ​ភូល (Royal Liverpool University Hospital)​។ នៅ​ឆ្នាំ ១៩៩៥ គាត់​បាន​ចូលធ្វើការ​ក្នុងនាម​ជា​បញ្ជី​ការ​ជាន់ខ្ពស់​នៅ Division of Gastroenterology នៅ​មន្ទីរពេទ្យកូឡា​ឡាំ​ពួរ (Kuala Lumpur Hospital)​។ គាត់​មាន​បទពិសោធន៍​ជាច្រើន​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​តាំងពី​ឆ្នាំ ១៩៩៣​។ វេជ្ជបណ្ឌិត Tan ធ្លាប់ធ្វើ​ជា Honorary Lecturer of Primary medicine នៅ​មហាវិទ្យាល័យ Kebangsaan Malaysia​។​

វេជ្ជបណ្ឌិត លី ប៊ូន ឆឹក

គ្រូពេទ្យឯកទេសផ្នែកមូត្រសាស្ត្រ

Sime Darby Medical Centre Subang Jaya

វេជ្ជបណ្ឌិត Lee Boon Cheok គឺជាវេជ្ជបណ្ឌិតឯកទេសខាងមូត្រសាស្ត្រ នៅមន្ទីរពេទ្យ at Sime Darby Medical Centre Subang Jaya និងមន្ទីពេទ្យ Sime Darby Specialist Centre Megah នៅ Selangor ប្រទេសម៉ាលេស៊ី។ គាត់ធ្លាប់ជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិនៃមជ្ឈមណ្ឌលឯកទេសនិងវេជ្ជសាស្ត្រម៉ាឡេស៊ី (National University of Malaysia Medical and Specialist Centre)។ វេជ្ជបណ្ឌិត Lee គឺជាសមាជិកនៃសមាគមន៍មូត្រសាស្ត្រប្រទេសសាំងហ្គាពួរ (Singapore Urological Association) នៅឆ្នាំ ២០០៥។ គាត់ធ្លាប់ត្រូវបានបណ្តុះបណ្តាលនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងចន្លោះឆ្នាំ ២០០៦ រហូតដល់ ២០០៨។ គាត់គឺជាសមាជិកនៃ European Board of Urology។

លោកលីនឹងឆ្លើយរាល់សំនួរទាក់ទងនឹងប្រព័ន្ខបង្ហូរនោមនិងបញ្ហាផ្លូវភេទ។

វេជ្ជបណ្ឌិត ហ៊ូ ហ្វឹន លី

​គ្រូពេទ្យ​ឯកទេស និង គ្រូពេទ្យ​ជំនាញ​ផ្នែក​ក្រពេញ​បញ្ចេញ​ក្នុង​

Sime Darby Medical Centre Subang Jaya

​វេជ្ជបណ្ឌិត Hew Fen Lee គឺជា​គ្រូពេទ្យ​ឯកទេស និង គ្រូពេទ្យ​ជំនាញ​ផ្នែក​ក្រពេញ​បញ្ចេញ​ក្នុង (Endocrinologist) នៅ​មន្ទីរពេទ្យ Sime Darby Medical Centre Subang Jaya តាំងពី​ឆ្នាំ ២០០២ មកម្ល៉េះ​។ គាត់​បាន​ទទួល​សញ្ញាប័ត្រ MBBS ពី​មហាវិទ្យាល័យ​ញូ​ខា​សល (University of Newcastle) ប្រទេស​អង់គ្លេស នៅ​ឆ្នាំ ១៩៨៧​។ វេជ្ជបណ្ឌិត Hew បាន​ធ្វើការ​ក្នុង​មន្ទីរពេទ្យ​ជា​ច្រើន​នៅ​អង់គ្លេស ក្នុងពេល​ដែល​គាត់​កំពុង​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​។ នៅ​ឆ្នាំ ១៩៩២ គាត់​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យ St Vincent’s Hospital នៅ​ម៉ែ​លប​ន (Melbourne) ប្រទេស​អូស្ត្រាលី ដែល​គាត់​បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​ផ្នែក​ឱសថ​ពី​សាកលវិទ្យាល័យ​ម៉ែ​លប​ន (University of Melbourne )​។ បច្ចុប្បន្ន វេជ្ជបណ្ឌិត Hew ស្ថិតក្នុង​ក្រុម​អ្នកជំនាញ​ណែនាំ​ការព្យាបាល​Practice Guidelines and Consensus Statements​ដែល​ក្នុងនោះ​រួម​មាន​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោម​ផ្អែម​និង​ទី​រ៉ូ​អ៊ីត​។ គាត់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ដែល​មក​ទល់​បច្ចុប្បន្ន​នេះ​គាត់​មាន​អត្ថបទ​ស្រាវជ្រាវ (research paper) ចំនួន ៤១ និង​អត្ថបទ​សង្ខេប​ចេញ​ផ្សាយ​ក្នុង​សារព័ត៌មាន​វេជ្ជសាស្ត្រ (abstracts published in medical journals) ចំនួន ៨០​។ គាត់​គឺជា​សមាជិក​នៃ Conjoint Board Examination ផ្នែក​ក្រពេញ​បញ្ចេញ​ក្នុង នៅ​ប្រទេស​ម៉ាលេស៊ី​។​

​លោក​រីករាយ​នឹង​ទទួល​សំនួរ​ដែល​ទាក់ទង​នឹង​ទឹកនោម​ផ្អែម​និង​ជំងឺ​ទាក់ទង​នឹង​ក្រពេញ​ក្នុង​។​

វេជ្ជបណ្ឌិត ប៉ិច សុធី

លោក​វេជ្ជបណ្ឌិត​ប៉ិច​សុធី​គឺជា​សាស្ត្រាចារ្យ​រង​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល​។​លោក​គឺជា​វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​ស្ត្រី​និង​សម្ភព​ដោយ​បាន​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​បារាំង​នា​ឆ្នាំ​២០០៣​និង​២០០៤​បន្ទាប់​ពី​លោក​បាន​សញ្ញាប័ត្រ​ជា​វេជ្ជបណ្ឌិត​កាលពី​ឆ្នាំ​១៩៩៩​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​បច្ចុប្បន្ន​លោក​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​សុខភាព​ទារក​និង​មាតា​។​ក្នុង​គោលបំណង​ចូលរួម​ជាមួយ​វេ​ប​សាយ​www.health.com.kh​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​សុខភាព​ប្រជាជន​ លោក​វេជ្ជបណ្ឌិត​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ពិនិត្យ​និង​សរសេរ​ខ្លឹមសារ​អត្ថបទ​ផ្នែក​រោគ​ស្ត្រី​គ្រប់​ប្រភេទ​ដូច​ជា​ជំងឺមហារីក​សុដន់​ មហារីក​ស្បូន​និង​រោគ​ស្ត្រី​ផ្សេងៗ​ទៀត​និង​បញ្ហា​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​និង​ការ​រក្សាគភ៌​។​លោក​វេជ្ជបណ្ឌិត​អាច​ទំនាក់ទំនង​បាន​តាម​ទូរស័ព្ទ​លេខ​ ០២៣២២៣៨៧២​។