ការផោមគឺជារឿងធម្មតារបស់ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ ហើយក៏ជាសញ្ញាល្អដែលបញ្ជាក់ថា រាងកាយមិនមានជំងឺ។ ជាមធ្យម មនុស្សយើងត្រូវការផោមពី ៥ ទៅ ១០ដងក្នុងមួយថ្ងៃ។ មានអាហារមួយចំនួនធ្វើឲ្យផោមច្រើន ជាពិសេសពពួកអាហារសម្បូរ Complex Carbohydrates ដូចជា ដំឡូងជ្វា សណ្តែក និងអាហារមានជីវជាតិពេញលេញ ច្រើនតែធ្វើឲ្យផោមមានក្លិនស្អុយខ្លាំង។ មិនខ្វល់ថាអ្នកផោម ៥ ឬ ៥០ដងក្នុងមួយថ្ងៃឡើយ ខាងក្រោមនេះគឺជាហេតុផលដែលអ្នកមិនគួរណាទប់វាចោលមិនព្រលែងវាចេញឡើយ។
បន្ថយការហើមពោះ
មូលហេតុញឹកញាប់បំផុតនៃការហើមពោះដោយសារតែខ្យល់ក្នុងពោះវៀនច្រើនពេក។ មែនហើយ ការដែលពោះទៅជាតឹង ប្រហែលជាអ្នកត្រូវការផោមហើយ។ ដូច្នេះចូរកុំទប់ផោមទៀតអី។
ជួយរក្សាតុល្យភាពរបបអាហារ
មនុស្សគ្រប់គ្នាសុទ្ធតែមានពោះវៀនពិសេសរៀងៗខ្លួន ហើយវាក៏មានការរក្សាទុកអាហារខុសៗគ្នាដែរ។ បើសិនជាអ្នកំពុងតែសាអាហារមានជីវជាតិ នោះការផោមគឺជាសញ្ញាដ៏ល្អមួយនៃការមានតុល្យភាព ឬមិនមានតុល្យភាពអាហារក្នុងខ្លួនហើយ។ ឧទាហរណ៍ ករណីញ៉ាំសាច់ក្រហមច្រើនពេក ច្រើនតែធ្វើឲ្យផោមមានក្លិនស្អុយខ្លាំង ខណៈពេលដែលអាហារប្រភេទ Complex Carbohydrates ងាយនឹងមានផោមច្រើន តែមិនមានក្លិនវិញ។
បំបាត់ការឈឺចាប់ក្នុងពោះ
វាប្រហែលជាមិនមែនជារឿងសមស្របឡើយក្នុងការផោមក្នុងស្ថានភាពគ្រប់ពេល ប៉ុន្តែការទប់ផោមជាពិសេសពេលមានខ្យល់ច្រើនក្នុងពោះវៀន អាចធ្វើឲ្យពោះវៀនរីកធំរហូតដល់ឈឺបាន។ បើសិនជាអ្នកមានអារម្មណ៍ថាត្រូវការថផោម តែមិនអាចធ្វើបាន ចូរម៉ាស្សាពោះថ្នមៗដើម្បីជម្រុញដល់ចលនារបស់ខ្យល់ក្នុងពោះវៀនទៅ។
ទប់ផោមមិនល្អចំពោះវៀនធំឡើយ
ការទប់ផោមអាចធ្វើឲ្យជំងឺឬសដូងបាតកាន់តែធ្ងន់ធ្ងរបាន។ គោលការណ៍ដ៏ល្អបំផុតគឺត្រូវបណ្តោយទៅតាមធម្មជាតិវាទៅ។ អ្នកដែលមានបញ្ហាជំងឺក្នុងពោះវៀនក៏តម្រូវឲ្យកុំទប់ផោមដែរ។
ហិតក្លិនផោមល្អចំពោះមនុស្ស
រឿងនេះបើស្តាប់ទៅពិតជាឆ្គួតមែន ប៉ុន្តែការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Exeter បានរកឃើញថា ការហិតក្លិនផោមតិចតួច ឬហៅថា Hydrogen Sulfide Gas (ដែលជាឧស្ម័នផលិតចេញពីក្នុងពោះវៀន) ប្រហែលជាជួយបង្ការកុំឲ្យខូចខាតកោសិកា ហើយក៏ជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងរលាកសន្លាក់បានដែរ។
ការផោមនឹងប្រាប់អំពីសុខភាពយើង
ចូរយកចិត្តទុកដាក់ទៅលើការផោមរបស់អ្នករាល់ថ្ងៃផង។ តើវាញឹកញាប់ទេ? តើវាមានក្លិនស្អុយទេ? តើមានការឈឺចាប់អ្វីខ្លះ? ការផោមអាចជាសញ្ញាព្រមានភ្លាមៗនៃបញ្ហាសុខភាពជាច្រើន។ បើសិនជាអ្នកមានការឈឺចាប់ ឬមានការប្រែប្រួលរបៀបផោមដែលមិនគិតថា វាជារបបអាហារទេ នោះគួរតែជាអ្វីដែលអ្នកគួរទៅជួបពេទ្យហើយ។
បញ្ជាក់ថាមានបញ្ហាអាឡែហ្ស៊ីនឹងអាហារ
ការអាឡែហ្ស៊ីនឹងអាហារមួយចំនួននឹងធ្វើឲ្យយើងមានការផោមច្រើន ជាពិសេសការមានបញ្ហាអាឡែហ្ស៊ីនឹងជាតិឡាក់តូស និងជំងឺ Celiac តែម្តង។ បើសិនជាអ្នកសម្គាល់ឃើញថា មានការផោមច្រើនក្រោយពីញ៉ាំអាហារណាមួយ ចូរពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។
ធ្វើឲ្យមានអារម្មណ៍ល្អ
ការដែលអាចបណ្តោយឲ្យផោមចេញមកយ៉ាងស្រួល នោះក៏ធ្វើឲ្យយើងមានអារម្មណ៍ថាស្រួលខ្លួនផងដែរ។ ការទប់ផោមអាចធ្វើឲ្យយើងមានអារម្មណ៍ឆេវឆាវទៅវិញទេ៕