ចែករំលែក
  • 18
  •  
  •  

ទឹកល្ហុងផ្ទុកទៅដោយជាតិរ៉ែ និងវីតាមីនទាំងអស់ ហើយវាក៏គ្រប់គ្រាន់សម្រាប់ផ្តល់សុខភាពល្អផងដែរ។ យកល្អបើសិនជាអ្នកចង់ញ៉ាំទឹកល្ហុង គួរតែធ្វើវាដោយខ្លួនឯងទើបជារឿងល្អ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពក្នុងការញ៉ាំទឹកល្ហុង៖

បង្ការជំងឺមហារីក

ទឹកល្ហុងត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពខ្លាំងក្នុងការបង្ការជំងឺមហារីក ជាពិសេសមហារីកពោះវៀនធំតែម្តង។ នេះដោយសារតែ ល្ហុងមានជាតិសរសៃខ្ពស់ ដែលអាចទប់ស្កាត់សារធាតុពុលបង្កមហារីកកុំឲ្យតោងជាប់នឹងកោសិកាពោះវៀនធំបាន។ ជាមួយគ្នានេះដែរ សារធាតុ Lycopene ក្នុងផ្លែល្ហុងនឹងជួយបង្ការមហារីកថែមទៀត។

គ្រប់គ្រងកូឡេស្តេរ៉ុល

ផ្លែល្ហុងអាចជួយគ្រប់គ្រងមូលហេតុដ៏សំខាន់របស់ជំងឺបេះដូងបាន នោះគឺកូឡេស្តេរ៉ុល។ ការញ៉ាំទឹកល្ហុងយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ អាចបន្ថយការកកកុញរបស់កូឡេស្តេរ៉ុលក្នុងខ្លួនបាន។ ដោយសារតែអង់ទីអុកស៊ីដង់ និងវីតាមីន C របស់ផ្លែល្ហុង វានឹងមិនឲ្យកូឡេស្តេរ៉ុលកកកុញក្នុងរាងកាយបានឡើយ។ ទឹកល្ហុងក៏ជួយបន្ថយការប្រឈមនឹងជំងឺស្លោកសាច់ដុំបេះដូង និងជំងឺលើសសម្ពាធឈាម។

សុខភាពភ្នែក

ក្រៅពីអង់ទីអុកស៊ីដង់ខាងលើ ផ្លែល្ហុងផ្ទុកទៅដោយអង់ទីអុកស៊ីដង់ផ្សេងពីរទៀត ដែលមានតម្លៃក្នុងការការពារភ្នែក នោះគឺ Zeaxanthin និង Lutein ដែលវាមានយ៉ាងច្រើនក្នុងភ្នែកមនុស្សយើង។ វានឹងជួយការពារភ្នែកពីការខូចខាតដោយសារតែពន្លឺពណ៌ខៀវខ្លាំង និងកាំរស្មីយូវី។ Zeaxanthin និង Lutein ត្រូវបានគេដឹងថា មានប្រយោជន៍ក្នុងការជួយបន្ថយការប្រឈមនឹងជំងឺ Macular Degeneration ដែលកើតឡើងដោយសារចាស់ទៅតាមអាយុ ហើយក៏ជាមូលហេតុចំបងដែលនាំឲ្យខ្វាក់ភ្នែកដែរ។

សុខភាពបេះដូង

ល្ហុងផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដ៏មានប្រយោជន៍ដូចជា Lycopene និង Beta-carotene ដែលវានឹងធ្វើការទាំងអស់គ្នាដើម្បីបង្ការការធ្វើអុកស៊ីតកម្មកូឡេស្តេរ៉ុលក្នុងប្រព័ន្ធបេះដូងសរសៃឈាម ហើយវាក៏ត្រូវបានគេជឿថា ជាហេតុនាំឲ្យកើតជំងឺបេះដូង និងបញ្ហារបត់ឈាមផ្សេងៗទៀត។ គ្រាន់តែទឹកល្ហុងស្រស់ៗមួយកែវគឺមានសារធាតុ Folate ដ៏ខ្ពស់ហើយ ក្នុងការជួយសម្រួលដល់កម្រិត Homocysteine ក្នុងចរន្តឈាម។ ការឡើងខ្ពស់នៃសារធាតុមួយនេះអាចធ្វើឲ្យខូចខាតសរសៃឈាម ដែលត្រូវបានគេដឹងថា ជាកត្តាប្រឈមនឹងជំងឺបេះដូង។

សុខភាពស្បែក

វីតាមីន C ដ៏ខ្ពស់ក្នុងទឹកផ្លែល្ហុងអាចជួយជម្រុញដល់ការផលិតកូឡាជែន សម្រាប់ថែរក្សាភាពរឹងមាំរបស់ស្បែក។ កូឡាជែនគឺជាសារធាតុប្រូតេអ៊ីនតភ្ជាប់ដ៏សំខាន់មួយក្នុងការជួយថែរក្សាស្បែកឲ្យមើលទៅក្មេងវ័យ និងរឹងមាំ។ នៅពេលវាខូចខាតច្រើនពេក ឬមិនមានការផលិតគ្រប់គ្រាន់ ភាពជ្រីវជ្រួញ អាចនឹងកើតមាន៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here