តើអ្នកជាមនុស្សដែលចូលចិត្តផឹកកាហ្វេ តែមិនចូលចិត្តអំពីផលវិបាកតិចតួចរបស់វាមែនទេ? បើអ៊ីចឹងមែន អ្នកកំពុងតែអានអត្ថបទត្រូវហើយ ព្រោះខ្ញុំនឹងបង្ហាញអំពីផលវិបាកមួយចំនួននៃការញ៉ាំកាហ្វេ ជាមួយនឹងដំណោះស្រាយខ្លះៗដែលអ្នកអាចធ្វើទៅបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

គេងមិនលក់

បើសិនជាអ្នកញ៉ាំកាហ្វេពីរម៉ោងមុនគេង នោះអ្នកនឹងមិនអាចគេងលក់ឡើយ។ អ្នកជំនាញនិយាយថា វាអាចស៊ីពេល ៤ ទៅ៦ម៉ោងដើម្បីជាតិកាហ្វេអ៊ីនបញ្ចេញអស់ពីរាងកាយ។ ដូច្នេះដើម្បីកុំឲ្យគេងមិនលក់ យកល្អគួរតែញ៉ាំកាហ្វេមុនគេងយ៉ាងហោចណាស់ ៦ ទៅ ១០ម៉ោងវិញ។ 

ឈឺក្បាល

តើអ្នកមានដឹងអំពីការពិតមួយថា ថ្នាំព្យាបាលការឈឺក្បាលខ្លះក៏មានជាតិកាហ្វេអ៊ីនតិចតួចដែរ។ ជាតិកាហ្វេអ៊ីនមានសមត្ថភាពបង្រួញសរសៃឈាម ដូច្នេះវាក៏បន្ថយសម្ពាធក្នុងក្បាលបាន។ ប៉ុន្តែការញ៉ាំកាហ្វេរួចក៏ទំនងជាធ្វើឲ្យឈឺក្បាលបានដែរ។ នេះដោយសារតែជាតិកាហ្វេអ៊ីនមានឥទ្ធិពលបញ្ចុះទឹកនោម ដែលជាហេតុនាំឲ្យងាយខ្សោះជាតិទឹកក្នុងខ្លួន ហើយបង្កជាអាការៈឈឺក្បាល។ ដំណោះស្រាយសម្រាប់ការឈឺក្បាលបែបនេះ ចូរកុំភ្លេចញ៉ាំទឹកឲ្យបានច្រើនបើសិនជាអ្នកជាមនុស្សញ៉ាំកាហ្វេម្តងម្កាល ឬកម្រិតមធ្យមទេ។

ថប់អារម្មណ៍

ជាតិកាហ្វេអ៊ីនក្នុងកាហ្វេគឺជាសារធាតុភ្ញោចសរសៃប្រសាទ ហើយក៏អាចបង្កជាអាការៈរាងកាយដែលទាក់ទងនឹងការថប់អារម្មណ៍ដែរ។ អាការពទាំងនេះអាចបង្កបញ្ហាផ្លូវចិត្តជាច្រើន។ បើសិនជាគ្រូពេទ្យប្រាប់អ្នកថា ចូរចៀសឲ្យឆ្ងាយពីការញ៉ាំកាហ្វេដើម្បីកុំឲ្យមានការធ្វើទុក្ខជំងឺថប់អារម្មណ៍ អ្នកអាចជ្រើសរើសការញ៉ាំកាហ្វេគ្មានជាតិកាហ្វេអ៊ីនបាន។ 

កំណកកាហ្វេជាប់ធ្មេញ

ការដែលញ៉ាំកាហ្វេច្រើន គឺងាយនឹងជាប់កំណកកាហ្វេនៅនឹងធ្មេញណាស់ ហើយក៏មិនអាចផ្តល់ស្នាមញញឹមទៅមនុស្សជុំវិញខ្លួនបានស្អាតដែរ។ វាមិនមែនជារឿងល្អទេដែលអ្នកគួរតែដុសធ្មេញក្រោយពីញ៉ាំកាហ្វេរួចនោះ ដោយសារតែអាស៊ីតរបស់កាហ្វេអាចធ្វើឲ្យខូចស្រទាប់ការពារធ្មេញបាន។ យកល្អគួរតែរងចាំ ៣០នាទីសិនចាំដុសធ្មេញដើម្បីស្រទាប់ការពារធ្មេញរឹងគ្រប់គ្រាន់វិញ។ ក្រោយពីញ៉ាំកាហ្វេមួយពែងរួច យកល្អគួរតែខ្ពុរមាត់ភ្លាមៗរយៈពេល ពីរបីនាទី ឬទំពារស្ករកៅស៊ូ។ 

ក្លិនមាត់អាក្រក់

គ្រប់គ្នាសុទ្ធតែដឹងហើយថា ក្លិនកាហ្វេស្រស់មួយពែងពិតជាមានក្លិនឈ្ងុយណាស់។ ប៉ុន្តែវាពិតជាមិនឈ្ងុយដូចគ្នាឡើយបើសិនជាវាចេញពីមាត់មនុស្សក្រោយពីញ៉ាំមួយពែងពីរហើយនោះ។ មានហេតុផលពីរយ៉ាងនៅពីក្រោយក្លិនមាត់មិនល្អនេះ។ ទី១ កាហ្វេអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួន ដែលជាហេតុនាំឲ្យស្ងួតមាត់ និងជំរុញដល់ក្លិនមាត់អាក្រក់។ ទី២ ជាតិស្ករ និងក្រែមដែលលាយជាមួយកាហ្វេអាចជំរុញដល់ការលូតលាស់បាក់តេរីបង្កក្លិនមាត់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះក្រោយពីញ៉ាំកាហ្វេរួច ចូររងចាំកន្លះម៉ោងសិនចាំដុសសម្អាតធ្មេញតាមក្រោយបើសិនជាអ្នកមិនចង់មានក្លិនមាត់ដោយសារតែញ៉ាំកាហ្វេទេ៕