ចូរស្រមៃថា អ្នកទៅមើលកុនជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ហើយទិញពោតលីង និងទឹកក្រូចកូកាញ៉ាំបណ្តើរមើលបណ្តើរ ប៉ុន្តែពេលកំពុងតែញ៉ាំនោះ ស្រាប់តែជាប់ពោតលីងនៅក្នុងធ្មេញ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើរឿងនេះស្តាប់មើលទៅមិនមែនជាបញ្ហាច្រើន ព្រោះអ្នកអាចយកវាចេញបានដោយស្រួល តែមានរឿងមួយដែលស្រដៀងគ្នានេះដែរ ដោយកើតឡើងលើបុរសអាយុ ៤១ឆ្នាំម្នាក់ បែរជាត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់បើកទ្រូងទៅវិញ។
យោងទៅតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់មកពីប្រទេសអង់គ្លេសស្ទើរតែបាត់បង់ជីវិតរបស់គាត់ទៅហើយកាលពីឆ្នាំមុន នោពេលធ្មេញរបស់គាត់ត្រូវបានជាប់ដោយពោតលីង ដែលនាំឲ្យមានការបង្ករោគនៅបេះដូង ហើយក៏ត្រូវការវះកាត់ដើម្បីព្យាបាល។ ក្រុមគ្រូពេទ្យដែលព្យាបាលគាត់បាននិយាយថា បុរសម្នាក់នេះបានប្រើឈើចាក់ធ្មេញ ក្រចក ចុងប៊ិច ។ល។ដើម្បីឆ្កឹសយកកំទិចពោតលីងដែលជាប់ធ្មេញគាត់ចេញ ដែលជាហេតុធ្វើឲ្យខូចខាតដល់ប្រើសបេះដូងរបស់គាត់។
តើមានអ្វីទាក់ទងគ្នាទៅរវាងសុខភាពមាត់ធ្មេញ និងបេះដូង?
យើងច្រើនតែដឹងថាសុខភាពមាត់ធ្មេញគឺជាផ្នែកមួយនៃរូបរាងខាងក្រៅ ហើយក៏យកចិត្តទុកដាក់តែទៅលើពណ៌របស់ធ្មេញ ឬចន្លោះរបស់ធ្មេញនីមួយៗប៉ុណ្ណោះ។ ប៉ុន្តែ សុខភាពមាត់ធ្មេញត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា មានទំនាក់ទំនងមួយជាមួយនឹងសុខភាពសរីរាង្គក្នុងរាងកាយ ដូច្នេះហើយយើងត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែនទៅលើវា។
តាមការសិក្សាពីមុនបានបង្ហាញថា ជំងឺអញ្ចាញធ្មេញមានទំនាក់ទំនងមួយជាមួយការប្រឈមខ្ពស់នឹងជំងឺបេះដូង។ ការសិក្សាផ្សេងៗទៀតបានបង្ហាញថា បាក់តេរីក្នុងមាត់អាចឆ្លងចូលទៅក្នុងចរន្តឈាម ដើម្បីបង្ករោគដល់ប្រើសបេះដូងបាន។ យោងទៅតាម heart.org បានឲ្យដឹងថា ទម្លាប់អនាម័យមាត់ធ្មេញមិនល្អដូចជា មិនបានដុសសម្អាតជាទៀងទាត់អាចប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូងបាន។ ខណៈពេលដែលអ្នកជំនាញពីរបីនាក់តស៊ូមតិថា សុខភាពមាត់ធ្មេញល្អនាំឲ្យមានសុខភាពបេះដូងល្អដោយសារតែពួកកេដឹងអំពីសុខភាពរបស់ពួកគេបែបណា តែអ្នកស្រាវជ្រាវផ្សេងៗទៀតនិយាយថា បេះដូងគឺជាផ្នែគមួយដ៏សំខាន់បំផុតតនៃសុខភាពមនុស្ស ហើយអាចក៏អាចរងការបង្ករោគដោយសារតែឈាមបានដែរ។
ដើម្បីបង្ការការខូចខាតដល់បេះដូងដោយសារតែកង្វះអនាម័យមាត់ធ្មេញ អ្នកត្រូវតែដុសសម្អាតធ្មេញជាទៀងទាត់មួយថ្ងៃពីរដង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការហូរឈាម ឬហើមអញ្ចាញធ្មេញគួរតែទៅជួបពេទ្យភ្លាម ហើយក៏មិនត្រូវប្រើអ្វីឆ្កឹសធ្មេញប្តេសប្តាសឡើយ៕