Join with Health.com.kh on Telegram

ជំងឺគាំងបេះដូងគឺជាមូលហេតុចំបងជាងដែលធ្វើឲ្យមនុស្សស្លាប់លឿនបំផុតក្នុងយុគ្គសម័យដ៏ទំនើបមួយនេះ។ ជាអកុសល្យ ជំងឺនេះច្រើនតែកើតឡើងយ៉ាងស្ងៀមស្ងាត់ចំពោះមនុស្សយើងទៅវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញវាក៏មានបង្ហាញនូវអាការៈមួយចំនួនឲ្យយើងដឹងដែរថា វាមិនមែនជារឿងធម្មតានោះទេ។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលស្រ្តីគ្រប់រូបគួរតែដឹង និងចងចាំថា វាអាចជាជំងឺគាំងបេះដូង ដែលត្រូវត្រៀមលក្ខណៈ ឬចាត់វិធានការណាមួយឲ្យទាន់ពេលវេលាផង។ 

ឈឺនៅខ្នងកថ្គាមនិងដៃ

សញ្ញាទាំងនេះប្រហែលជាអាចធ្វើឲ្យច្រឡំបាន ព្រោះថាជំងឺគាំងបេះដូងច្រើនតែទាក់ទងនឹងការឈឺចាប់នៅទ្រូង ឬដៃខាងឆ្វេង មិនមែនក ឬថ្គាមឡើយ។ ការឈឺចាប់នេះអាចនឹងខ្លាំងទៅៗ ស្រួចស្រាវ ឬភ្លាមៗ។ វាអាចធ្វើឲ្យអ្នកភ្ញាក់ពីគេងទាំងកណ្តាលយប់ដោយសារតែឈឺនេះ។ 

ឈឺក្នុងពោះដូចគេចាក់មិនងមិនស្រួលខ្លួន

សញ្ញាខ្លះនៃជំងឺគាំងបេះដូងអាចច្រឡំនឹងអាការៈនៃការពុលអាហារ ជំងឺភ្តាសាយ ឬក្រហាយទ្រូងខ្លាំងក្លា។ ពេលខ្លះ ស្រ្តីអាចនឹងធ្លាប់មានសម្ពាធនៅក្នុងពោះ ដែលមានលក្ខណៈដូចមានដំរីអង្គុយក្នុងពោះអញ្ចឹង។ 

បែកញើសត្រជាក់

ការបែកញើសត្រជាក់គឺជាសញ្ញារួមមួយផ្សេងទៀតដែលកើតឡើងលើមនុស្សស្រី។ វាប្រហែលជាអាចទាក់ទងនឹងស្រ្តេសដែរ។ ប៉ុន្តែបើសិនជាអ្នកមិនធ្លាប់មានអាការៈនេះពីមុនទេ យកល្អគួរតែទៅជួបអ្នកជំនាញដើម្បីប្រឹក្សាហើយ។ 

ដកដង្ហើមខ្លីៗនិងវិលមុខ

មានបញ្ហាក្នុងការដកដង្ហើមដោយមិនដឹងមូលហេតុអាចជាសញ្ញាមួយសង្ស័យថាមានជំងឺគាំងបេះដូង ជាពិសេសបើសិនជាវាកើតឡើងជាមួយនឹងអាការៈណាផ្សេងទៀត។ 

អស់កម្លាំងកាន់តែខ្លាំង

បើសិនជាក្រោយពីសម្រាករយៈពេលយូរហើយ អ្នកនៅតែមានអារម្មណ៍អស់កម្លាំងខ្លាំង និងមិនអាចធ្វើការងារធម្មតាៗបានទៀតនោះ វាអាចជាសញ្ញាប្រកាសអាសន្នមួយដែលត្រូវយកចិត្តទុកដាក់លើប្រព័ន្ធបេះដូងសរសៃឈាមហើយ។

មានសម្ពាធនិងឈឺចាប់ក្នុងទ្រូង

ការឈឺចាប់ក្នុងទ្រូង មិនស្រួលក្នុងទ្រូង ការក្រហាយទ្រូង និងមានអារម្មណ៍ថាតឹងក្នុងទ្រូង សុទ្ធតែជាអាការៈបញ្ជាក់អំពីជំងឺបេះដូងហើយ។ ស្រ្តីខ្លះធ្លាប់មានការឈឺចាប់តែមិនមែនទ្រូងខាងឆ្វេងទេ ប៉ុន្តែពេញទ្រូងតែម្តង។ បើសិនជាការឈឺចាប់ ឬសម្ពាធនោះមិនបាត់ទៅវិញក្នុងរយៈពេលពីរបីនាទីទេ ចូរទាក់ទងទៅគ្រូពេទ្យជាបន្ទាន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ចំណាំ៖

អាការៈទាំងនេះមិនមែនធានាថាជាសញ្ញាដំបូងនៃជំងឺគាំងបេះដូងទេ ប៉ុន្តែការផ្សំគ្នានៃអាការៈទាំងអស់នេះ ព្រមទាំងភាពញឹកញាប់របស់វាវិញ អាចគ្រប់គ្រាន់ជាហេតុផលដែលត្រូទៅជួបពេទ្យហើយ៕