ជំងឺរលាកខ្នែងពោះវៀនគឺជាការហើម និងមានការបង្ករោគទៅលើខ្នែងពោះវៀនដែលកើតឡើងដោយសារមានលាមក និងរបស់ក្រៅពីក្នុងខ្លួនកក់កុញក្នុងខ្នែងនោះច្រើន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផ្ទុយទៅវិញខ្មែរយើងច្រើនតែយល់ថា ជំងឺនេះហៅថា ពោះវៀនដុះខ្នែងទៅវិញ ប៉ុន្តែខ្នែងពោះវៀននេះគឺមានគ្រប់គ្នាទាំងអស់មិនថា ក្មេង ឬចាស់ ប្រុស ឬស្រីឡើយ។ បើសិនជាជំងឺនេះមិនបានព្យាបាលទាន់ពេលវេលាទេ ខ្នែងពោះវៀនអាចនឹងបែក និងធ្លាយខ្ទុះទៅជុំវិញតំបន់នោះ​ ដូច្នេះវានឹងប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺបាន។ ដូច្នេះអ្នកត្រូវតែយល់ដឹងឲ្យបានច្រើនចំពោះ អាការៈ ឬរោគសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀននេះ ដើម្បីអ្នកអាចជួយខ្លួនឯងបាន។ 

ឈឺពោះ

វាគឺជាសញ្ញាដំបូងគេមួយរបស់ជំងឺរលាកខ្នែងពោះវៀន។ ការឈឺចាប់នេះមានលក្ខណៈដូចគេចាក់ និងឈឺនៅម្តុំកណ្តៀតក្អមខាងស្តាំ។ ការឈឺចាប់នេះច្រើនតែកើតឡើងដំបូងចេញពីជុំវិញផ្សិត និងកាន់តែធ្ងន់ធ្ងរទៅៗក្នុងរយៈពេល ៦ ទៅ២៤ម៉ោងក្រោយ។ 

ហើមពោះ

ការហើមពោះតែងកើតឡើងជាមួយនឹងការឈឺពោះបែបដូចគេចាក់ ដែលភាគច្រើនជាសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀននេះតែម្តង។ 

ក្អួត

រោគសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀននេះគឺស្រដៀងគ្នានឹងការឈឺក្រពះដែរ។ យ៉ាងណាមិញ នៅពេលការក្អួតកើតឡើងជាមួយនឹងការឈឺពោះនៅតំបន់កណ្តៀតក្អម និងមិនបាត់ទៅវិញទេនោះ វាអាចបញ្ជាក់ថា ជាការរលាកខ្នែងពោះវៀនហើយ។ 

ចង្អោ

ការចង្អោគឺជាសញ្ញាមួយរបស់ជំងឺជាច្រើន ហើយអាចងាយនឹងច្រឡំចំពោះជំងឺផ្សេងៗដែរ។ ប៉ុន្តែបើសិនជាវាកើតឡើងជាមួយគ្នានឹងការក្អួត និងឈឺពោះ ហើយបើសិនជាមិនស្រួលបួលវិញនោះទេ វាអាចជាសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀនហើយ។ 

មិនឃ្លានអាហារ

មិនប្រាកដ ១០០ភាគរយទេ ប៉ុន្តែការមិនឃ្លានអាហារនេះក៏ជាសញ្ញាដ៏ញឹកញាប់មួយរបស់ជំងឺរលាកខ្នែងពោះវៀនដែរ។ 

ប្រែប្រួលការបន្ទោបង់

ចាប់តាំងពីជំងឺរលាកខ្នែងពោះវៀនស្រដៀងគ្នានឹងការឈឺក្រពះមក អ្នកប្រហែលជាមានអាការៈទាំងទល់លាមកផង និងរាកផងហើយ។ យ៉ាងណាមិញ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗនៅពេលអាការៈទាំងនេះកើតឡើងជាមួយនឹងរោគសញ្ញាដែលបានរៀបរាប់ខាងលើ។ 

ឈឺពោះបែបរមួល

ការឈឺពោះបែបរមួលក៏ជាសញ្ញាមួយរបស់ជំងឺរលាកខ្នែងពោះវៀនដែរនៅពេលវាកើតឡើងជាមួយនឹងសញ្ញាខាងលើ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ សញ្ញាទាំងនេះច្រើនតែកើតឡើងក្រោយពីការឈឺពោះ និងមិត្រូវរងចាំរហូតដល់មានអាការៈទាំងអស់ខាងលើឡើយ។ ចូរចាំថា ការឈឺចាប់កាន់តែខ្លាំងទៅៗទៅតាមពេលវេលា ហើយខ្នែងពោះវៀនអាចនឹងបែកបានគ្រប់ពេលទាំងអស់៕