មនុស្សយើងគ្រប់គ្នាសុទ្ធតែប្រើប្រាស់ទូរស័ព្ទឆ្លាតវៃពេញៗមួយថ្ងៃតែម្តង។ ទោះបីជាពេលគេង ក៏យើងទុកទូរស័ព្ទនៅក្បែរខ្លួនដើម្បីប្រើដែរ។ មុនពេលចូលគេង យើងអាចនឹងបើកវេបសាយ លេងហ្គេម ឆាត ឬធ្វើអ្វីៗផ្សេងទៀត។ ប៉ុន្តែអ្វីដែលយើងភាគច្រើនមិនដឹងនោះគឺថា វាគឺជាទម្លាប់ដ៏អាក្រក់មួយ ហើយក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។
ពន្លឺពណ៌ខៀវរបស់ទូរស័ព្ទឆ្លាតវៃ ដូចគ្នាផ្នែកមួយដែលយើងរាល់គ្នាប៉ះពាល់ក្រោមពន្លឺព្រះអាទិត្យជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ នៅពេលយើងប៉ះពាល់ពន្លឺនេះនៅពេលយប់ វាអាចនឹងរំខានដល់ការមើលឃើញរបស់ភ្នែក។ បញ្ហាដ៏សំខាន់នឹងកើតឡើងដោយសារតែពន្លឺនេះនឹងទប់ស្កាត់ការផលិតរបស់អ័រម៉ូន Melatonin ដែលមាននាទីធ្វើឲ្យងងុយគេង។
ដូច្នេះ ដើម្បីសម្រួលដល់ការការពារខ្លួនឯងពីការខូចខាត និងឈប់ប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមុនពេលគេង យើងក៏សម្រេចចិត្តបង្ហាញនូវបញ្ហាសុខភាព ៦យ៉ាងខាងក្រោមនេះដែលវាបង្កឡើងដោយការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃនៅពេលយប់។
គេងមិនលក់
ពន្លឺពណ៌ខៀវរបស់ទូរស័ព្ទឆ្លាតវៃនឹងរំខានដល់ការផលិតរបស់អ័រម៉ូនងងុយគេង ហើយក៏ធ្វើឲ្យគេងមិនបានគ្រប់គ្រាន់ដែរ។ រយៈពេលយូរៗទៅ កាលណាគេងមិនបានគ្រប់បែបនេះក៏ធ្វើឲ្យមានបញ្ហាផ្សេងៗជាច្រើនទៀតដូចជា ឡើងទម្ងន់ បាត់បង់ការចងចាំ ស្បែកឆាប់ចាស់ បាក់ទឹកចិត្ត និងបញ្ហាបេះដូងសរសៃឈាម។ យកល្អគួរតែព្យាយាមអានសៀវភៅជំនួសវិញទៅបើសិនជាង្នកមិនអាចគេងលក់ដោយគ្មានទូរស័ព្ទទេនោះ។
ខូចភ្នែក
ការប៉ះពាល់នឹងពន្លឺពណ៌ខៀវនៅពេលយប់អាចធ្វើឲ្យខូចខាតដល់រ៉េទីន និងខូចភ្នែកបាន។ មានន័យថា អ្នកនឹងមិនអាចមើលឃើញ និងប្រឈមកាន់តែខ្ពស់នឹងជំងឺភ្នែកឡើងបាយ។ គ្រូពេទ្យជាច្រើននិយាយថា ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមុនពេលគេងគឺជាដើមហេតុខ្លាំងនៃជំងឺភ្នែកឡើងបាយ។
បង្កើនការប្រឈមនឹងមហារីក
ក្រៅពីរំខានដល់ការគេង វាក៏បង្កើនការប្រឈមនឹងជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាតបាន។ អ័រម៉ូន Melatonin ជួយការពាររាងកាយពីមហារីក។ ប៉ុន្តែដល់ពេលអ័រម៉ូននេះមិនសូវមានគ្រប់ វានឹងបង្កើនការប្រឈមនឹងមហារីក និងបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរទៀត។
បាក់ទឹកចិត្ត
អ្នកដែលមិនសូវមានអ័រម៉ូន Melatonin និងអ្នកដែលគេងមិនបានគ្រប់គ្រាន់ដោយសារតែប៉ះពាល់នឹងពន្លឺពណ៌ខៀវច្រើន ក៏ងាយនឹងកើតជំងឺបាក់ទឹកចិត្តដែរ។ គេងមិនគ្រប់គ្រាន់នឹងរំខានដល់សារធាតុបញ្ជូនសញ្ញាប្រសៃប្រសាទ និងនាំឲ្យរំខានដល់ការសម្របសម្រួលអារម្មណ៍។
ឡើងទម្ងន់
តាមរយៈការរំខានដល់ការផលិតអ័រម៉ូនងងុយគេង និងការគេង ពន្លឺចេញពីទូរស័ព្ទឆ្លាតវៃនៅពេលយប់ក៏រំខានដល់អ័រម៉ូនដែលគ្រប់គ្រងការឃ្លាន និងបង្កើនការប្រឈមខ្ពស់នឹងភាពធាត់ជ្រុលដែរ។ គេងមិនគ្រប់អាចរំខានដល់ចំនួនអាំងស៊ុយលីន សម្រាប់ធ្វើការរំលាយអាហារ។ បើសិនជាការរំលាយអាហារមានការរំខាន នោះទម្ងន់ក៏រំខានដែរ។ ការគេងតិចជាង ៧ម៉ោងនឹងធ្វើឲ្យមានជាតិពុលកើនឡើងក្នុងខួរក្បាល ហើយក៏ជាហេតុនាំឲ្យឡើងទម្ងន់បានដែរ៕